មិនថា អាការនេះនឹងកើតឡើងចំពោះកូនតូច ឬកូនធំនោះទេ លោកឪពុកអ្នកម្តាយត្រូវចេះសង្កេតមើលថា តើវាខុសប្រក្រតីដែរឬទេ? ហើយអាការបែបណាដែលត្រូវនាំកូនទៅមន្ទីរពេទ្យភ្លាមៗតែម្តង។ តើអាការគ្រោះថ្នាក់ទាំងនោះមានអ្វីខ្លះ? សូមលោកឪពុកអ្នកម្តាយតាមដានជាបន្ត។
1. ក្តៅខ្លួនលើសពី38.5អង្សាសេលសៀស(អង្សា C) ៈ បើ កូនក្តៅខ្លួនតិចៗ ចូរឱ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ឬយកក្រណាត់សើមជូតខ្លួនឱ្យត្រជាក់ និងឱ្យញ៉ាំទឹកឱ្យច្រើន ដើម្បីសម្រាលអាការក្តៅខ្លួន។ តែបើកូនចាប់ផ្តើមឡើងកម្តៅខ្ពស់ ញ៉ាំអាហារមិនបាន ក្តៅខ្លួនយូរថ្ងៃ ធ្វើយ៉ាងណាក៏កម្តៅមិនថយចុះដែរនោះ ចាំបាច់ត្រូវតែនាំទៅមន្ទីរពេទ្យ ដើម្បីពិនិត្យមើលថានេះជាអាការគ្រុនផ្តាសាយធំឬជាអាការជំងឺគ្រុនឈាមភ្លាម។
2. អាការ ឈឺចាប់បែបខ្លាំងៗ ៈ ដូចជា ចុកពោះ ឈឺក្បាល បើមានអាការចុកពោះបែបចុកឡើងកោងខ្លួន ក្តាប់ដៃណែន ប្រឹងបាតជើងឡើងក្រញ៉ង់ មិនញ៉ាំអាហារ បន្ទោបង់ខុសប្រក្រតី ត្រូវប្រញាប់នាំទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចកើតអាការរលាកពោះវៀន ឬរលាកខ្នែងពោះវៀន តែបើមានអាការឈឺក្បាល អាចសង្កេតមើលអាការតាមរយៈការដែលកូននៅស្ងៀម ស្រងូតស្រងាត់ មិនស្រស់ស្រាយ ញ៉ាំអាហារមិនបាន និយាយមិនច្បាស់ ដើរមិនប្រក្រតី អាការបែបនេះអាចធ្ងន់ធ្ងរដល់ថ្នាក់រលាកស្រោមខួរបាន ដូច្នេះត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា។
3. ក្អួតចង្អោរ ៈ បើកូនមានអាការក្អួតចង្អោរញឹកញាប់ និងច្រើនឡើងជារឿយៗនោះ អាចធ្វើឱ្យខ្វះជាតិទឹកបាន បេះដូងនឹងលោតញាប់ ធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះទាប អាចធ្វើឱ្យគាំងក្រលៀនដែលជារឿងមួយ គ្រោះថ្នាក់ណាស់ ហើយបើកូនមានអាការរួមផ្សេងទៀតដូចជា ឈឺក្បាល កម្តៅខ្លួនឡើងខ្ពស់ ប្រកាច់ អាការបែបនេះកូនអាចមានឆ្លងមេរោគក្នុងខួរក្បាល ឬរលាកស្រោមខួរបាន។
4. ដកដង្ហើម ខុសប្រក្រតី ៈ បើកូនមានអាការក្អកដូចមានស្លេស្ម ដកដង្ហើមខុសចង្វាក់ ដកដង្ហើមលឿន ដើមទ្រូងផត បេះដូងលោតញាប់ ខ្លួនឡើងពណ៌ស្វាយ និងនៅស្ងៀម អាការបែបនេះកូនអាចមានសភាវគាំងប្រព័ន្ធដកដង្ហើម ដែលធ្វើឱ្យក្មេងស្លាប់បាន។
5. បន្ទាលត្រអាក ៈ បើជាបន្ទាលត្រអាកទូទៅនឹងកើតតិចៗ និងបំបែកខ្លួន តែបើជាបន្ទាលត្រអាកដែលឡើងក្រាស់ៗ កើត2-3ថ្ងៃហើយក៏នៅតែមិនបាត់ និងថែមទាំងមានអាការរួមផ្សេងទៀតដូចជា ក្តៅខ្លួន ហើម ដកដង្ហើមមិនស្រួល ក្អួត អាការបែបនេះត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យ ព្រោះអាចឆ្លងមេរោគនៅក្នុងឈាម។
អាការទាំង5 ដែលបានរៀបរាប់មកនេះគឺជាអាការដែលហាក់ដូចជាធ្ងន់ធ្ងរ ហើយបើឪពុកម្តាយសង្កេតឃើញថា កូនមានអាការបែបនេះនោះ ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យជាបន្ទាន់កុំបង្អង់យូរឱ្យសោះ ព្រោះអាការទាំងនេះសុទ្ធសឹងតែអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតកូន របស់អ្នក៕
No comments:
Post a Comment