Sunday, January 24, 2016

រោងចក្រ​កាត់ដេរ​​ប្រហែល150ប្រឈម​នឹង​បិទទ្វារ

សកម្មភាពកម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រ
របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​2015​ កន្លង​មក​មាន​ក្រុមហ៊ុន​ថ្មីជាការិយា​ល័យ​តំណាង​ពាណិជ្ជកម្មនិង​សាខា​ក្រុមហ៊ុន​បរទេស​ប្រមាណ​3,800ក្រុមហ៊ុន​បាន​មក​ចុះ​បញ្ជី​នៅ​កម្ពុជា ដែល​ចំនួន​នេះ​ គឺ​កើន​ឡើង​ជិត​12%​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​2014 ខណៈ​មាន​ក្រុមហ៊ុន និង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​ចំនួន​គ្រោង​នឹង​បិទ​ទ្វារ​នៅ​ឆ្នាំ​2016​ នេះ​ផងដែរ។
ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹង​ថាកាល​ពី​ឆ្នាំ​2015 ​មាន​រោងចក្រ​កាត់ដេរ​ប្រមាណ​130​ បានបិទទ្វារ​ជា​ស្ថាពរ​  ខណៈ​មាន​ក្រុមហ៊ុន និងរោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ចំនួន​ជាង​150​ផ្សេង​ទៀត គ្រោង​នឹង​បិទទ្វារ​ក្នុង​ឆ្នាំ​2016នេះផង​ដែរ ដោយ​ក្រុមហ៊ុន និង​រោងចក្រ​នីមួយៗ​សុទ្ធ​តែ​បាន​អះអាង​ពី​ហេតុ​ផលផ្សេងៗគ្នាក្នុង​នោះ​រួម​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ទាប និង​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោលជាដើម។
អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា(GMAC) ​លោក កាំង មូនីកា បាននិយាយ​ថា នេះ​ជា​អ្វី​ដែល​បានកើត​ឡើង​ពិត​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា។ លោកបាន​បន្ត​ទៀតថា ករណី រោងចក្រ​បិទទ្វារ​ច្រើន​កាលពី​ឆ្នាំ​2015 គឺ​ដោយ​សារ​តែ​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជាចរន្ត​នៃ​ការ​ប្រកួត​ប្រជែង​បញ្ហា​សហជីព និង​បញ្ហា​ប្រាក់​ឈ្នួល​ខ្ពស់ ​ដែល​ធ្វើ​ឱ្យ​រោងចក្រ​នីមួយៗ​ត្រូវ​ចំណាយ​កាន់តែ​ច្រើន​។
ទោះបី​ជា​យ៉ាង​ណា​លោក មូនីកា បាន​លើក​ឡើង​ថា វិធានការ​របស់​រាជ​រដ្ឋាភិបាល​បានត្រឹម​តែ​ការ​អនុញ្ញាត​ពន្យារ​ការ​ប្រមូល​ពន្ធ​លើ​ប្រាក់​ចំណេញ​ដែល​មានរយៈពេល​តែ​2​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ពោល​គឺ​រហូត​ដល់​ដំណាច់​ឆ្នាំ​2017 ដើម្បី​ជួយកែ​សម្រួលការ​គ្រប់គ្រង​ទុន​បង្វិល​របស់​ម្ចាស់​រោងចក្រ។
ការ​ប្រកាស​ពន្យារ​ការ​ប្រមូល​ពន្ធ​លើប្រាក់​ចំណេញ​ចំពោះ​ក្រុមហ៊ុន ឬ​រោងចក្រនេះ​មិន​មាន​ន័យ​ថា រដ្ឋាភិបាល​លើក​លែងពន្ធ​លើ​ប្រាក់​ចំណេញ​ដល់​ម្ចាស់​រោងចក្រ​កាត់ដេរ​នោះទេ តែ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់លោក ជាតិ ខេមរា មន្ត្រីជាន់ខ្ពស់​សមាគម​រោងចក្រ​កាត់ដេរថា ការ​ពន្យារ​ពេល​នេះ​នឹង​ជួយ​សម្រួល​ដល់​ម្ចាស់​រោងចក្រ​ឱ្យមាន​ដើមទុន​បង្វិល​ច្រើនជាង​មុន និង​មាន​លំហូរ​សាច់ប្រាក់​ងាយស្រួល​ជាងមុនទៀតផង។
យន្ត​ការ​នេះ​ក៏​នឹង​ជា​ការ​ជួយ​សម្រួល​ដល់​ម្ចាស់​រោងចក្រ​មួយ​កម្រិត ​ទាក់​ទង​នឹង​ការ​បង្វិល​សាច់​ប្រាក់ ខណៈ​ពួក​គេ​កំពុង​ត្រូវ​ការ​ដើមទុន​បង្វិល​ច្រើន​ជាង​មុន​បន្ទាប់ពី​ប្រាក់ខែ​គោល​របស់​បុគ្គលិក​ក្នុង​វិស័យ​កាត់ដេរ​បាន​កើន​ឡើង​ពី128ដុល្លារក្នុង​មួយខែមក​ដល់​140​ដុល្លារ​ក្នុង​មួយខែ​គិត​ចាប់ពី​ឆ្នាំ2016នេះតទៅ។
បច្ចុប្បន្ន​នេះការអនុវត្ត​​ចុះ​បញ្ជី​ផ្តល់​សិទ្ធិ​នាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​រោងចក្រ ឬ​ក៏ក្រុម​ហ៊ុន​កាត់ដេរ​សម្លៀកបំពាក់​ មាន​ចំនួន​ប្រមាណ892 ក្រុមហ៊ុន​រោងចក្រ​ផលិត​ស្បែក​ជើង​មាន​90​ និង​រោង​ចក្រ​ផ្សេងៗ​ទៀត​ប្រមាណ​165​។
គិត​មក​ទល់​ពេល​នេះ​វិស័យ​កាត់ដេរនិង​ស្បែកជើង​នៅ​តែ​ជា​វិស័យ​ស្នូល​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​​កម្ពុជា​ ដោយ​មានបុគ្គលិក​បម្រើការងារ​ផ្នែក​នេះ​ជាង​70​ម៉ឺន​នាក់។ កាល​ពី​ឆ្នាំ2014 កម្ពុជា​បាន​នាំចេញ​ផលិត​ផល​កាត់ដេរ​ និង​ស្បែកជើង​មានតម្លៃ​គិត​ជា​ទឹកប្រាក់​ជិត​6​ពាន់​លាន​ដុល្លារ ស្មើ​នឹង​ជាង​30%​នៃ​ទំហំ​សេដ្ឋកិច្ច៕

No comments:

Post a Comment